ថ្ងៃបុណ្យភ្ជុំឪពុកម្តាយគេជួបជុំគ្នាធ្វើបុណ្យអភ័ព្វតែឯងឪពុកម្តាយទាស់ទែងធ្វើអត្តឃាត
- SHARE
- TEXT SIZE
ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៥:០០
ខេត្តបន្ទាយមានជ័យ ៖ នារីវ័យ១៧ឆ្នាំ ជាកូនពៅក្នុងគ្រួសារមួយ នៅភូមិប្រាសាទ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ បានលេបថ្នាំសម្លាប់សត្វល្អិតធ្វើអត្តឃាត។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០យប់ ថ្ងៃទី២៨ កញ្ញា។
លោកវរសេនីយ៍ឯកកែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ ឱ្យដឹងថា នាងក្រមុំរូបស្រស់ ដែលធ្វើអត្តឃាត ឈ្មោះកែន ចន្នី អាយុ១៧ឆ្នាំ នៅភូមិប្រាសាទ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នាងគឺជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៤នាក់។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះបន្តទៀតថា ឪពុករបស់នាងកែវ ចន្នីមានទំនាស់ទាស់ទែងជាមួយម្តាយរបស់នាងរយៈពេល២ខែមកហើយ ហើយបានចុះចេញពីផ្ទះទៅនៅជាមួយបងប្អូននៅក្នុងភូមិ បើទោះបីជាលោកមេភូមិជួយសម្របសម្រួលឱ្យត្រូវរ៉ូវគ្នាវិញ ក៏មិនព្រមដែរ។ នៅពេលបុណ្យភ្ជុំបិណ្ឌ នាងបានទៅអង្វរឪពុកឱ្យវិលត្រឡប់ទៅផ្ទះ ដើម្បីធ្វើបុណ្យទានជួបជុំក្រុមគ្រួសារ។ នាងបាននិយាយថា បុណ្យភ្ជុំបិណ្ឌនាងឃើញឪពុកម្តាយគេជួបជុំគ្នារីករាយសប្បាយ ដូច្នេះនាងចង់ឱ្យឪពុកត្រឡប់ទៅផ្ទះវិញជួបជុំកូនចៅ តែគាត់មិនព្រមទេ។ ដោយសារបែបនេះហើយ ទើបនាងដាច់ចិត្តគិតខ្លីលេបថ្នាំសម្លាប់សត្វល្អិតសម្លាប់ខ្លួន។
លោកអធិការបញ្ជាក់ថា នៅថ្ងៃនោះនាងកែវ ចន្នី ដើរទិញថ្នាំប៉ារ៉ាជាច្រើនគ្រាប់ធ្វើឱ្យអ្នកជិតខាងឆ្ងល់ តែពួកគេមិននឹកស្មានថា នាងយកទៅលេបធ្វើអត្តឃាតទេ។ ក្រោយពីដឹងថា នាងលេបថ្នាំប៉ងសម្លាប់ខ្លួន បងប្អូន និងម្តាយរបស់នាងរួមទាំងអ្នកជិតខាងដឹកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យប្រតិបត្តិស្រុកព្រះនេត្រព្រះ រួចបន្តទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបុរី តែដោយអំណាចថ្នាំជ្រួតជាបសព្វរាងកាយមិនអាចជួយជីវិតនាងបាន ទេ គឺនាងស្លាប់នៅវេលាម៉ោង១០យប់ នាថ្ងៃដដែលនោះ។ ចំពោះបុរសជាឪពុកបានទៅចូលរួមធ្វើបុណ្យសពកូនផងដែរ៕
No comments:
Post a Comment