អ្នកកាសែតបីនាក់ត្រូវបានអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនពីបទចោទប្រកាន់ជំរិតទារប្រាក់
ព័ត៌មានថ្មីៗ 17:09:13, 29 September 2011

អ្នកការសែតបីរូបជាប់ចោទពីបទជំរិតទារប្រាក់។ រូបភាពដោយ សុខ សាវី Radio Australia ។
ភ្នាក់ងារកាសែតចំនួនបីនាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបាត់ដំបងចាប់ឃាត់ខ្លួនពីបទជំរិតទារប្រាក់ ៥០ដុល្លារ ក្រោយពីជាប់អន្ទាក់មន្រ្តីយោធា និងកងរាជអាវុធហត្ថ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារ ៖
ភ្នាក់ងារកាសែតបីនាក់ក្នុងនោះមានភ្នាក់ងារកាសែតសម្តីរាស្រ្តពីរនាក់ និងភ្នាក់ងារកាសែតកម្ពុជាថ្ងៃថ្មីម្នាក់ត្រូវបានមន្រ្តីកងរាជអាវុធហត្ថស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនពីបទជំរិតទារប្រាក់ ៥០ដុល្លារ ពីមន្រ្តីយោធាម្នាក់ កាលពីម៉ោង ៧យប់ថ្ងៃទី ២៨ ខែកញ្ញា ហើយមន្រ្តីយោធានោះទាមទារជម្ងឺចិត្ត ៦លានរៀលបន្ថែមទៀត។
ការចោទប្រកាន់នេះបន្ទាប់ពីមន្រ្តីយោធានោះបានរៀបចំអន្ទាក់ជាមួយកងរាជអាវុធហត្ថស្រុកដោយហៅ អ្នកកាសែតទាំងបីនាក់នោះមកយកលុយរួច ឃាត់ខ្លួនតែម្តង។ លោក អ៊ិន តាំ មេបញ្ជាការរងកងរាជ អាវុធហត្ថស្រុកសង្កែ ខេត្តបាត់ដំបង បានថ្លែងប្រាប់អ្នកព័ត៌មាននាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ថាតាមពាក្យបណ្តឹងរបស់លោក ទៀង ប៊ុនទិត ជាមន្រ្តីយោធាការិយាល័យទីពីរកងទ័ពជើងគោក ខេត្តបាត់ដំបង បានចោទប្រកាន់ថា នៅម៉ោងជាងបីរសៀលថ្ងៃទី២៨ ខែកញ្ញា ខណៈដែលលោកមានកម្មវិធីផឹកស៊ីមួយនៅឃុំអន្លង់វិល ស្រុកសង្កែជាមួយមិត្តភ័ក្រ្តនឹងមានមន្រ្តីយោធា ប៉ូលីសប៉េអឹម៨នាក់ ស្រាប់តែឈ្មោះ ស៊ឹម សារឿន ភ្នាក់ងារកាសែតសម្តីរាស្រ្ត បានទូរសព្ទទារប្រាក់ ៥ដុល្លារដាក់កាតទូរសព្ទនឹងក្រោយមកទារ២០ដុល្លារ ដោយថាមន្រ្តីយោធានោះធ្លាប់ប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃនៅស្រុកមោង។
មន្រ្តីអាវុធហត្ថនោះបានឲ្យដឹងទៀតថាក្រោយមកមន្រ្តីយោធានោះទូរសព្ទហៅអ្នកកាសែតទាំងនោះ ឲ្យមកយកលុយ ៥០ដុល្លារ ណាត់គ្នានៅមុខវត្តអន្លង់វិល។ ប៉ុន្តែទន្ទឹមនោះមន្រ្តីយោធា ខាងលើបានទូរសព្ទប្តឹងមន្រ្តីកងរាជអាវុធហត្ថជាស្រេច។ សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ក្រោយពី ជួបគ្នា មន្រ្តីយោធានោះបានល្បួងអ្នកកាសែតទាំងបីនាក់ ជិះម៉ូតូទៅហាងកាហ្វេមួយ គេក៏បត់ចូល ទីបញ្ជាការកងរាជអាវុធហត្ថស្រុក រួចសមត្ថកិច្ចធ្វើការឃាត់ខ្លួននឹងចោទប្រកាន់តែម្តង។
ភ្នាក់ងារកាសែតទាំងបីនាក់នោះ មានឈ្មោះ ស៊ឹម សារឿន អាយុ ៥១ឆ្នាំ និងឈ្មោះ ទា រើន អាយុ៤៨ឆ្នាំ អ្នកទាំងពីរជាភ្នាក់ងារកាសែត សម្តីរាស្រ្ត និងទីបីឈ្មោះ ជុំ សុភារុណ អាយុ ៤២ឆ្នាំ កាសែតកម្ពុជាថ្ងៃថ្មី។
លោក ស៊ឹម សារឿន ភ្នាក់ងារកាសែតសម្តីរាស្រ្តី បានផ្តល់បទសម្ភាសន៍ជាមួយ Radio Australia នាព្រឹកមិញនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកសង្កែ ដោយលោកបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់លោកពីបទទូរសព្ទជំរិតទារប្រាក់។
លោកបានបញ្ជាក់ថា កន្លងមកលោកធ្លាប់ស្គាល់មន្រ្តីយោធាឈ្មោះ ទៀង ប៊ុនទិត នោះ ខណៈដែលគាត់ធ្វើការឈូសឆាយដីព្រៃនៅស្រុកមោងឬស្សី លោកបញ្ជាក់ថា លោកពិតជាទូរសព្ទទៅសុំលុយមែន តែក្នុងនាមស្គាល់គ្នាតែប៉ុណ្ណោះ មិនបានជំរិតទារប្រាក់នោះទេ។
(សំឡេងលោក ស៊ឹម សារឿន)
ចំណែកលោក ជុំ សុភារុណ ជាភ្នាក់ងារកាសែតកម្ពុជាថ្ងៃថ្មីបានបដិសេធដែរថាលោកពុំបានដឹងពី រឿងលុយកាក់អ្វីនោះទេ ក្រោយពីលោកត្រឡប់មកពីរត់ម៉ូតូឌុបឈ្មោះ ស៊ឹម សារឿន បបួលលោក ឡើងជិះម៉ូតូទៅជាមួយក្រោយមកក៏មានការឃាត់ខ្លួនតែម្តង។
(សំឡេងលោក ជុំ សុភារុណ)
នាព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ គេសង្កេតឃើញមានវត្តមានសម្ពន្ធអ្នកកាសែតកម្ពុជាដំបង និងប្រធាន សាខាកាសែតសម្តីរាស្រ្តខេត្តបាត់ដំបងចូលធ្វើការសម្របសម្រួលផងដែរ ប៉ុន្តែមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ។
លោក សេក សារ៉ុម ប្រធានកាសែតសម្តីរាស្រ្តី សាខាខេត្តបាត់ដំបងបានឲ្យដឹងថាលោកកំពុងតែ
ព្យាយាមធ្វើការសម្របសម្រួលគ្នា ដើម្បីឲ្យមន្រ្តីយោធានោះដកពាក្យបណ្តឹង។
ព្យាយាមធ្វើការសម្របសម្រួលគ្នា ដើម្បីឲ្យមន្រ្តីយោធានោះដកពាក្យបណ្តឹង។
(សំឡេងលោក សេក សារ៉ុម)
លោក មៀន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន មានប្រសាសន៍ថា
លោកប្រឆាំងដាច់ខាតរាល់ការព្រឹត្តិខុសក្រមសីសធម៌ និងបទល្មើសព្រហ្មទណ្ឌនានារបស់អ្នកកាសែត តែគេមិនគួរប្រើវិធីសាស្រ្តដាក់អន្ទាក់អ្នកកាសែត ហើយចោទប្រកាន់ពីបទចាប់ជំរិតទារប្រាក់នោះទេ។
លោកប្រឆាំងដាច់ខាតរាល់ការព្រឹត្តិខុសក្រមសីសធម៌ និងបទល្មើសព្រហ្មទណ្ឌនានារបស់អ្នកកាសែត តែគេមិនគួរប្រើវិធីសាស្រ្តដាក់អន្ទាក់អ្នកកាសែត ហើយចោទប្រកាន់ពីបទចាប់ជំរិតទារប្រាក់នោះទេ។
(សំឡេងលោក មៀន ឈានណារិទ្ធ)
(របាយការណ៍ដោយលោក សុខ សាវី )
No comments:
Post a Comment