ស្លាប់មួយនិងរបួសបួនបង្កដោយជនមិនស្គាល់មុខបាញ់រះនៅស្រុកសំឡូតខេត្តបាត់ដំបង
ព័ត៌មានថ្មីៗ 16:09:54, 30 September 2011
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងបួននាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារ មានជនស្គាល់មុខបានប្រើប្រាស់កាំភ្លើងបាញ់រះលើផ្ទះអ្នកភូមិម្នាក់ដែលរកទិញលក់ដីនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបង។ ករណីនេះសមត្ថកិច្ចនៅមិនទាន់អាចចាប់ខ្លួនជនដៃដល់បាននៅឡើយទេ ដោយត្រឹមតែសង្ស័យថាជារឿងគំនុំ។ លោក សុខ សាវី ធ្វើសេចក្តី រាយការណ៍ ពិស្តារ ៖
បើតាមលោកជេតវណ្ណី ស្នងការរងនគរបាលខេត្តបាត់ដំបងបានថ្លែងប្រាប់ Radio Australia នាល្ងាចថ្ងៃ២៩កញ្ញាថា សមត្ថកិច្ចនៅមិនទាន់អាចវែកមុខជនដៃដល់ ដែលហ៊ានប្រើប្រាស់កាំភ្លើង AK ដេញបាញ់សម្លាប់អ្នកភូមិទាំងប្រាំនាក់ដែលកំពុងផឹកស៊ីក្នុងផ្ទះកាលពីយប់ថ្ងៃទី២៨កញ្ញានៅឡើយទេ ដោយលោកបញ្ជាក់ថាសមត្ថកិច្ចគ្រាន់តែបានសន្និដ្ឋានថាជារឿងគំនុំ។
(សំឡេង លោក ជេត វណ្ណី)
សូមបញ្ជាក់ថាបើតាមលោក ហុក ហឿត អធិការរងនគបាលស្រុកសំឡូតរំលឹកអោយដឹងថា នៅ វេលា ម៉ោងប្រហែល១០នឹង១០នាទីយប់ ថ្ងៃទី២៨ខែកញ្ញា មានជនមិនស្គាល់មុខ បានធ្វើការ បាញ់រះមកលើ ផ្ទះប្រជាពលរដ្ឋម្នាក់ដែលកំពុងផឹកស៊ីក្នុងផ្ទះរបស់ខ្លួនជាមួយគ្រួសារនិងអ្នកភូមិ ចំនួនប្រាំនាក់ស្ថិតនៅភូមិអូរសំរិល ឃុំតាតោក ស្រុកសំឡូត ដែលគ្រួសារអ្នកភូមិនោះមានមុខរបរ គួកជេដី។ ករណីនេះ ស្លាប់ម្នាក់ នៅនឹងកន្លែងនិងបីនាក់ត្រូវបានខ្មាន់កាំភ្លើងចូលដេញបាញ់ បណ្តាលអោយរបួសធ្ងន់ និង ម្នាក់ទៀត រងរបួសស្រាលដោយបំណែកកែវដែលបែកដោយគ្រាប់ កាំភ្លើង។
(សំឡេង លោក ហុក ហឿត )
លោក ហុក ហឿត បន្តអោយដឹងទៀតថា ដោយតំបន់នោះជាតំបន់ដាច់ស្រយ៉ាល ហើយ មាន ភ្លៀងរលឹមទៀតក្រោយកើតហេតុមួយម៉ោងលោកបានដឹកនាំកម្លាំងទៅដល់កន្លែងកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ទៅហើយ។
លោកបញ្ជាក់ថានៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងអាការ២២សំបកនៅកន្លែងផ្សេងគ្នានិងបាល់គ្រាប់ចំនួនបីក្នុងផ្ទះតាមការសន្និដ្ឋានជនដៃដល់បានតាមបាញ់សម្លាប់អ្នករត់គេច ដល់ក្នុងផ្ទះនិងក្រោយផ្ទះ តែមិនស្លាប់គ្រាន់តែរបួស។
(សំឡេង លោក ហុក ហឿត )
សមត្ថកិច្ចអោយដឹងថាជនរងគ្រោះទាំងប្រាំនាក់មានម្នាក់ឈ្មោះ ខែម ហាំ អាយុ៤៥ឆ្នាំ ស្លាប់ បាត់បង់ជីវិតនៅក្នុងវង់ផឹកស៊ី ឈ្មោះ យី វឿន អាយុ ៣៦ឆ្នាំ ជាម្ចាស់ផ្ទះ រងរបួសបាក់ភ្លៅ និង ឈ្មោះ យឹម ខន អាយុ ២៧ ឆ្នាំ ប្រពន្ធ រងរបួសប្រអប់ដៃធ្ងន់ ឈ្មោះ យី គឿន អាយុ២៧ ឆ្នាំ ជាប្អូន រងរបួស កំភួនដៃ និង អ្នកភូមិម្នាក់ទៀត ឈ្មោះ រិទ្ធ គ្រុយ អាយុ ៣៥ ឆ្នាំ មុតអំបែងកែក្នុងវង់ផឹកស៊ី។
សមត្ថកិច្ចបានអោយដឹងថាភ្លាមៗជនរងគ្រោះរងរបួសធ្ងន់ទាំងបីនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Emengency ទាំងយប់។
ពាក់ព័ន្ធរឿងគំនុំនេះដែរនៅ វេលាម៉ោង៨យប់ ថ្ងៃទី២៧កញ្ញា ដែលជាថ្ងៃភ្ជុំបិណ្ឌ ក៏មានជនមិនស្គាល់ មុខបានគប់គ្រាប់បែកមួយគ្រាប់ ចូលក្នុងផ្ទះលោកចូ វណ្ណាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន នឹង យុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ខណៈដែលទទួលទានអាហារជុំគ្នា នៅមុខផ្ទះ បណ្តាលអោយ លោក ប្រធានមន្ទីររូបនេះរងរបួសជាទម្ងន់ ភរិយានិង សាច់ញាតិ របស់លោកបីនាក់រងរបួសធ្ងន់ដែរនឹងម្នាក់ស្លាប់នៅនឹងកន្លែង៕
(រៀបរៀងរបាយការណ៍ដោយលោក សុខ សាវី)
No comments:
Post a Comment