កម្ពុជានឹងចូលជាសមាជិកនៃអង្គការដើមកោងកាងដើម្បីអនាគត
ព័ត៌មានថ្មីៗ 16:09:42, 30 September 2011
ដើមកោងកាងនៅខេត្តព្រះសីហនុ។ រូបភាពដោយ នាង សុវត្ថារ៉ា Radio Australia ។
នៅសប្ដាហ៍នេះ នៅក្នុងសន្និសីទនៅក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ដែលបានរៀបចំឡើងដោយសហព័ន្ធអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ស្តីពីប្រធានបទដំណោះស្រាយធម្មជាតិក្នុងការស្ដារប្រទេសជប៉ុន លោក Donald Macintosh ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការដើមកោងកាងដើម្បីអនាគត (MFF) បានមានប្រសាសន៍ថា ព្យុះរលកសមុទ្រស៊ូណាមីនៅក្នុងឆ្នាំនេះ បានពង្រឹងការយល់ដឹងក្នុងចំណោមបណ្ដាប្រទេសសមាជិកអង្គការ MFF ដែលកំពុងស្ថិតនៅក្នុងភាពងាយរងគ្រោះនោះ។
អង្គការដើមកោងកាងដើម្បីអនាគត (MFF) បានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងភ្នាក់ងារផ្ដល់ជំនួយមួយចំនួនក្នុងការលើកកម្ពស់ការផ្សព្វផ្សាយ និងផ្ដល់មូលនិធិដល់គម្រោងដាំដើមកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីជារបាំងការពារព្យុះរលកសមុទ្រស៊ូណាមី និងព្យុះទីហ្វុងនានា។
ចាប់តាំងពីឆ្នាំ២០០៤មក អង្គការនេះបានផ្តោតការងារទៅលើប្រទេសថៃ ឥណ្ឌូណេស៊ី ស្រីលង្កា Maldives ឥណ្ឌា និង Seychelles។
ប្រទេសប៉ាគីស្ថាន និងវៀតណាម ក៏បានចូលរូមក្នុងអង្គការនេះដែរ ចំណែកឯប្រទេសបង់ក្លាដេស កម្ពុជា ភូមា និងទីម័រខាងកើត នឹងចូលរួមជាមួយអង្គការនេះនៅពេលអនាគតខាងមុខ។
អង្គសន្និសីទបានផ្ដល់អនុសាសន៍ដល់ប្រទេសជប៉ុន និងជួយតាមរយៈបទពិសោធន៍ដែលទទួលបានពីព្យុះរលកសមុទ្រស៊ូណាមីកាលពីឆ្នាំ២០០៤។ ក៏ប៉ុន្ដែលោក Macintosh បានមានប្រសាសន៍ថា ប្រទេសជប៉ុនគួរតែបង្កើតព្រៃស្រល់នៅតាមឆ្នេរសមុទ្រជាជាងការដាំដើមកោងកាង នេះបើតាមស្ថានភាពបរិយាកាសប្រទេសជប៉ុន៕
(ប្រែសម្រួលដោយ នាង សុវត្ថារ៉ា)
Tags: Maldives, Seychelles, កម្ពុជា, កូរ៉េខាងត្បូង, ជប៉ុន, ដើមកោងកាង, តំបន់ឆ្នេរសមុទ្រ, ថៃ, ទីក្រុង Incheon, ទីប្រឹក្សាជាន់ខ្ពស់, ទីម័រខាងកើត, បង់ក្លាដេស, ប៉ាគីស្ថាន, ព្យុះទីហ្វុង, ព្យុះរលកសមុទ្រស៊ូណាមី,ភូមា, លោក Donald Macintosh, វៀតណាម, ស្រល់, ស្រីលង្កា, អង្គការដើមកោងកាងដើម្បីអនាគត (MFF), អង្គការសហប្រជាជាតិ, ឥណ្ឌា, ឥណ្ឌូណេស៊ី
No comments:
Post a Comment