Pages

Friday, September 30, 2011

អ្នក​កាសែត​បី​នាក់​ត្រូវ​បាន​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​ឃាត់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ជំរិត​ទារ​ប្រាក់

អ្នក​កាសែត​បី​នាក់​ត្រូវ​បាន​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​ឃាត់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ជំរិត​ទារ​ប្រាក់

ព័ត៌មានថ្មីៗ 17:09:13, 29 September 2011
អ្នកការសែតបីរូបជាប់ចោទពីបទជំរិតទារប្រាក់។  រូបភាពដោយ សុខ សាវី Radio Australia ។
អ្នកការសែតបីរូបជាប់ចោទពីបទជំរិតទារប្រាក់។ រូបភាពដោយ សុខ សាវី Radio Australia ។
ភ្នាក់ងារ​កាសែត​ចំនួន​បី​នាក់​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់ដំបង​ចាប់ឃាត់​ខ្លួន​ពី​បទ​ជំរិត​ទារ​ប្រាក់​ ៥០ដុល្លារ ​ក្រោយ​ពី​ជាប់​អន្ទាក់​មន្រ្តី​យោធា​ និង​កង​រាជអាវុធហត្ថ។ ​លោក សុខ សាវី ធ្វើ​សេចក្តី​រាយការណ៍​ពិស្តារ ៖
ភ្នាក់ងារ​កាសែត​បីនាក់​ក្នុង​នោះ​មាន​ភ្នាក់ងារ​កាសែត​សម្តី​រាស្រ្ត​ពីរ​នាក់​ និង​ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្ងៃ​ថ្មី​ម្នាក់​ត្រូវ​បាន​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ធ្វើ​ការ​ឃាត់​ខ្លួន​ពី​បទ​ជំរិត​ទារ​ប្រាក់​ ៥០ដុល្លារ ​ពីមន្រ្តីយោធា​ម្នាក់ ​កាល​ពី​ម៉ោង ​៧យប់ថ្ងៃទី ២៨​ ខែ​កញ្ញា ហើយ​មន្រ្តី​យោធា​នោះ​ទាមទារ​ជម្ងឺ​ចិត្ត ​៦​លាន​រៀល​បន្ថែម​ទៀត។
ការ​ចោទ​ប្រកាន់​នេះ​បន្ទាប់​ពី​មន្រ្តី​យោធា​នោះ​បាន​រៀប​ចំ​អន្ទាក់​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ដោយ​ហៅ ​អ្នក​កាសែត​ទាំង​បី​នាក់​នោះ​មក​យក​លុយ​រួច ​ឃាត់​ខ្លួន​តែ​ម្តង។ លោក​ អ៊ិន តាំ​ មេ​បញ្ជា​ការ​រង​កង​រាជ​ អាវុធ​ហត្ថ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​អ្នក​ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី ២៩ ខែកញ្ញា ថា​តាម​ពាក្យ​បណ្តឹង​របស់​លោក​ ទៀង ប៊ុនទិត​ ជា​មន្រ្តី​យោធា​ការិយាល័យ​ទីពីរ​កង​ទ័ព​ជើង​គោក​ ខេត្ត​បាត់ដំបង​ បាន​ចោទ​ប្រកាន់​ថា​ នៅ​ម៉ោង​ជាង​បី​រសៀល​ថ្ងៃទី​២៨ ខែ​កញ្ញា​ ខណៈ​ដែល​លោក​មាន​កម្មវិធី​ផឹក​ស៊ី​មួយ​នៅ​ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ជាមួយ​មិត្ត​ភ័ក្រ្ត​នឹង​មាន​មន្រ្តី​យោធា​ ប៉ូលីស​ប៉េអឹម​៨​នាក់ ​ស្រាប់​តែ​ឈ្មោះ​ ស៊ឹម សារឿន​ ភ្នាក់ងារ​កាសែត​សម្តីរាស្រ្ត​ បាន​ទូរសព្ទ​ទារ​ប្រាក់ ​៥ដុល្លារ​ដាក់​កាត​ទូរសព្ទ​នឹង​ក្រោយ​មក​ទារ​២០ដុល្លារ​ ដោយ​ថា​មន្រ្តី​យោធា​នោះ​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ស្រុក​មោង។
មន្រ្តី​អាវុធ​ហត្ថ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​មក​មន្រ្តី​យោធា​នោះ​ទូរសព្ទ​ហៅ​អ្នក​កាសែត​ទាំង​នោះ​ ឲ្យ​មក​យក​លុយ​ ៥០​ដុល្លារ ​ណាត់​គ្នា​នៅ​មុខ​វត្ត​អន្លង់វិល។ ប៉ុន្តែ​ទន្ទឹម​នោះ​មន្រ្តី​យោធា​ ខាង​លើ​បាន​ទូរសព្ទ​ប្តឹង​ម​ន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ជា​ស្រេច។ សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​ ជួប​គ្នា​ មន្រ្តី​យោធា​នោះ​បាន​ល្បួង​អ្នក​កាសែត​ទាំង​បី​នាក់ ​ជិះ​ម៉ូតូ​ទៅ​ហាង​កាហ្វេ​មួយ​ គេ​ក៏​បត់​ចូល​ ទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​ រួច​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​នឹង​ចោទ​ប្រកាន់​តែ​ម្តង។
ភ្នាក់ងារ​កាសែត​ទាំង​បី​នាក់​នោះ មាន​ឈ្មោះ ​ស៊ឹម ​សារឿន​ អាយុ ​៥១ឆ្នាំ ​និង​ឈ្មោះ ​ទា ​រើន​ អាយុ​៤៨​ឆ្នាំ​ អ្នក​ទាំង​ពីរ​ជា​ភ្នាក់ងារ​កាសែត​ សម្តី​រាស្រ្ត​ និង​ទី​បី​ឈ្មោះ​ ជុំ ​សុភារុណ​ អាយុ​ ៤២​ឆ្នាំ​ កាសែត​កម្ពុជា​ថ្ងៃ​ថ្មី។
លោក​ ស៊ឹម សារឿន​ ភ្នាក់ងារ​កាសែត​សម្តី​រាស្រ្តី ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ Radio Australia ​ នា​ព្រឹក​មិញ​នៅ​ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​សង្កែ​ ដោយ​លោក​បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​លោក​ពី​បទ​ទូរសព្ទ​ជំរិត​ទារ​ប្រាក់។
លោក​បាន​បញ្ជាក់​ថា​ កន្លង​មក​លោក​ធ្លាប់​ស្គាល់​មន្រ្តី​យោធា​ឈ្មោះ​ ទៀង​ ប៊ុនទិត ​នោះ ​ខណៈ​ដែល​គាត់​ធ្វើ​ការ​ឈូសឆាយ​ដី​ព្រៃ​នៅ​ស្រុក​មោង​ឬស្សី ​លោក​បញ្ជាក់​ថា លោក​ពិត​ជា​ទូរសព្ទ​ទៅ​សុំ​លុយ​មែន​ តែ​ក្នុង​នាម​ស្គាល់​គ្នា​តែ​ប៉ុណ្ណោះ​ មិន​បាន​ជំរិត​ទារ​ប្រាក់​នោះ​ទេ។
(សំឡេងលោក ស៊ឹម សារឿន)
ចំណែក​លោក​ ជុំ សុភារុណ ​ជា​ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្ងៃ​ថ្មី​បាន​បដិសេធ​ដែរ​ថា​លោក​ពុំ​បាន​ដឹង​ពី ​រឿង​លុយ​កាក់​អ្វី​នោះ​ទេ ​ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​រត់​ម៉ូតូ​ឌុប​ឈ្មោះ​ ស៊ឹម សារឿន បបួល​លោក​ ឡើង​ជិះ​ម៉ូតូ​ទៅ​ជា​មួយ​ក្រោយ​មក​ក៏​មាន​ការ​ឃាត់​ខ្លួន​តែ​ម្តង។
(សំឡេងលោក ជុំ សុភារុណ)
នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ គេ​សង្កេត​ឃើញ​មាន​វត្តមាន​សម្ពន្ធ​អ្នក​កាសែត​កម្ពុជា​ដំបង​ និង​ប្រធាន​ សាខា​កាសែត​សម្តីរាស្រ្ត​ខេត្ត​បាត់ដំបង​ចូល​ធ្វើ​ការ​សម្រប​សម្រួល​ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នោះ​ទេ។
លោក សេក សារ៉ុម ប្រធាន​កាសែត​សម្តីរាស្រ្តី សាខា​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​លោក​កំពុង​តែ​
ព្យាយាម​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​ ដើម្បី​ឲ្យ​មន្រ្តី​យោធា​នោះ​ដក​ពាក្យ​បណ្តឹង។
(សំឡេងលោក សេក សារ៉ុម)
លោក មៀន ឈានណារិទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន​ មាន​ប្រសាសន៍​ថា
​លោក​ប្រឆាំង​ដាច់​ខាត​រាល់​ការព្រឹត្តិ​ខុស​ក្រម​សីសធម៌​ និង​បទល្មើស​ព្រហ្មទណ្ឌ​នានា​របស់​អ្នក​កាសែត តែ​គេ​មិន​គួរ​ប្រើ​វិធីសាស្រ្ត​ដាក់​អន្ទាក់​អ្នក​កាសែត​ ហើយ​ចោទ​ប្រកាន់​ពី​បទ​ចាប់​ជំរិត​ទារ​ប្រាក់​នោះ​ទេ។
(សំឡេងលោក មៀន ឈានណារិទ្ធ)
(របាយការណ៍ដោយលោក សុខ សាវី )
Print | Email   SHARE: del.icio.us | Digg | StumbleUpon | Facebook | Google | AngkorOne

No comments:

Post a Comment

Cambodian Information Center (CIC) would like to serve the public relating hot news that happening in Cambodia. We only provide information all sources relating to our country. CIC news focuses law, human rights, investment and other factors in which bring the improvement of living condition of people in Cambodia.

We welcome all comment from reader. Please drop your message to ciccaminfo@gmail.com